រាជធានីភ្នំពេញ ៖ សមត្ថកិច្ចកងពន្លត់អគ្គិ ភ័យសហការជាមួយប៉ូលិសមូលដ្ឋានបានបាញ់ទឹកពន្លត់ភ្លើង ដែលឆេះកុដិយាយជីមួយកន្លែងនៅក្នុងវត្តស្ទឹងមានជ័យ រួចរាល់ជាស្ថាពរហើយ ដោយប្រើរថយន្ត៣គ្រឿង
មិនបណ្តាលឱ្យរាលដាលទៅដល់កុដិព្រះសង្ឃនៅក្បែរនោះទេ ហើយក៏មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សដែរ ប៉ុន្តែទ្រព្យសម្បត្តិ ត្រូវបានខូចខាតទាំងស្រុង ទៅតាមការទំពាលេបរបស់អណ្តាតភ្លើងដោយបន្សល់ទុកនូវផេះផង់ បន្ទាប់ពីកុដិនេះ ត្រូវបានឆេះទាំងស្រុង ។
សូមបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះកុដិយាយជីមួយកន្លែងនៅក្រោយកុដិព្រះសង្ឃ ក្នុងវត្តចង្ក្រានតាមព្រហ្មមានជ័យ ហៅវត្តស្ទឹងមានជ័យ ខ្ជាក់អណ្តាតភ្លើងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី២៦ កក្កដា ២០១២ នៅខាងកើតផ្សារស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
មូលហេតុនៃការឆាបឆេះ ត្រូវបានប្រភពព័តមានប្រាប់ឱ្យដឹងថា គឺបណ្តាលមកពីយាយជីប្រចាំកុដិនោះ អុជធូបបន់ស្រន់ ហើយកម្ទេចភ្លើងធូបបានបង្កទៅជាចំហេះតែម្តង ។
ប្រធានការិយាល័យពន្លត់ និងបង្ការអគ្គិភ័យរាជធានីភ្នំពេញ លោកនេត វន្ថា បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះ ថា ការឆេះនេះ គឺឆេះតែកុដិមួយប៉ុណ្ណោះ ដោយសារយើងអន្តរាគមន៍ទាន់ពេលវេលា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment