ត្រូវបានម្តាយនាំមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានទីតាំងនៅខាងជើងរមណីយដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញដើម្បីទទួលការពិនិត្យជំងឺទូទៅ ។ នេះបើតាមការឲ្យដឹងពីមន្ត្រីពេទ្យប្រចាំការនៅមាត់ច្រកចូលមន្ទីរពេទ្យគន្ធបុប្ផាកាលពីរសៀលថ្ងៃទី១១ កក្កដា ។
មន្ត្រីពេទ្យមួយរូបនៅមន្ទីរពេទ្យគន្ធបុប្ផានិយាយក្នុងន័យសុំមិនឲ្យបញ្ចេញឈ្មោះប្រាប់កោះសន្តិភាពនៅរសៀលថ្ងៃទី១១ កក្កដាថាក្នុងមួយថ្ងៃមន្ទីរពេទ្យទទួលកុមារស្រី-ប្រុសតាមបណ្តាខេត្តនិងរាជធានីយ៉ាងជាង១ពាន់នាក់ ។ នៅពេលព្រឹកអនុញ្ញាតឲ្យចូលពី៧០០នាក់ទៅ៨០០នាក់ ហើយនៅពេលថ្ងៃពី៤០០នាក់ទៅ៥០០នាក់ ។ រីឯជំងឺមានច្រើនយ៉ាង ខ្លះកើតជំងឺគ្រុនឈាម គ្រុនក្តៅ ខ្លះមានជំងឺដែលទើបកើតមានពេលថ្មីៗកន្លងមកនេះ ។
អ្នកស្រីហេង ណាង មកពីស្រុកល្វាឯម ខេត្ត កណ្តាល អោបកូនប្រុសមានជំងឺបាននិយាយថា គាត់បានធ្វើដំណើរមកពីឃុំបឹងត្រុំ តាំងពីព្រឹកដើម្បីយកកូនប្រុសអាយុ៣ឆ្នាំ ដែលកើតជំងឺពងក្នុងមាត់ និងដៃជើងមកមន្ទីរពេទ្យគន្ធបុប្ផា និងយោងតាមការណែនាំរបស់គ្រូពេទ្យបង្អែកល្វាឯម រហូតដល់រសៀលថ្ងៃទី១១ កក្កដា ទើបគាត់ត្រូវបានគេអនុញ្ញាតឲ្យនាំកូនចូល ។ គាត់ជាអ្នកក្រីក្រមិនមានលទ្ធភាពនាំកូនទៅគ្លីនិកឯកជនដើម្បីព្យាបាលនោះទេ ។
លោកយាយឈ្មោះប្រាក់ នាង មកពីស្រុកព្រៃឈរ ខេត្តកំពង់ចាមបានឲ្យដឹងថា ចៅស្រីរបស់គាត់អាយុ៥ឆ្នាំ មានអាការៈគ្រុនក្តៅផ្តាសាយ និងឈឺបំពង់កទើបគាត់ប្រញាប់យកមកមន្ទីរពេទ្យគន្ធបុប្ផាព្រោះពេទ្យនេះព្យាបាលកុមារដោយមិនបង់លុយ ។ គាត់បញ្ជាក់ទៀតថា កាលពីឆ្នាំទៅមិញចៅប្រុសរបស់គាត់បានកើតជំងឺគ្រុនឈាមក៏បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផាទាន់ពេលវេលាបានរស់មកដល់សព្វថ្ងៃនេះ ។ ដោយឡែកអ្នកស្រីញ៉ែម គន្ធា នៅស្រុកមេមត់ខេត្តកំពង់ចាមបាននិយាយទាំងទឹកមុខក្រៀមក្រំខណៈពេលជួបអ្នកយកព័ត៌មានកោះសន្តិភាពនៅក្រៅរបងមន្ទីរពេទ្យគន្ធបុប្ផាឲ្យដឹងថា កូនស្រីរបស់គាត់មានអាយុ៤ឆ្នាំ នាងបានកើតជំងឺឈិ ព្រោះមានរោគសញ្ញាពងក្នុងមាត់ និងដៃជើង ពងបែកជាច្រើនកន្លែង នេះបើតាមការអះអាងរបស់គ្រូពេទ្យជំនាញឲ្យដឹង ។ ពេលនេះកូននាងបានធូរស្រាលច្រើនហើយ និងនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមវេជ្ជបណ្ឌិត ។
អង្គការសុខភាពពិភពលោករួមជាមួយនឹងក្រសួងសុខាភិបាលកម្ពុជាបានសន្និដ្ឋានថា ជំងឹដែលសម្លាប់កុមារអស់៦៤នាក់ ដោយអាថ៌កំបាំងនោះ ជាប្រភេទជំងឺបង្កដោយមេរោគចម្រុះគ្នា ។ មេរោគចម្រុះគ្នារួមមានមេរោគ Enterovirus71, Streptococcous suis និងគ្រុនក្តៅ ។ បន្ថែមលើនេះក៏មានការប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ដែលបង្កឱ្យប្រព័ន្ធការពារទន់ខ្សោយ និងធ្វើឱ្យអាការអ្នកជំងឺកាន់តែធ្ងន់ធ្ងរ ។
ដោយឡែកលោកវេជ្ជបណ្ឌិតបេអាត រីជន័រ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានអ្នករាយការណ៍ទូរទស្សន៍CNN បានដកស្រង់សម្តីថ្ងៃទី ៣០ មិថុនាមកថា គ្មានរោគសញ្ញាថ្មីណាមួយត្រូវបានគេរកឃើញទេ ។ អង្គការសុខភាពពិភពលោកបានប្រកាសប្រាប់ក្រុមអ្នកថៃទាំជំងឹថា ចៀសវាងការប្រើប្រាស់ថ្នាំស្តេរ៉យ(Steroids) ដែលនាំឱ្យជំងឺអាចឆ្លងមេរោគ ធ្វើឱ្យអ្នកជំងឺគ្រុនក្តៅរលាកស្រោមខួរ និងពិបាកដកដង្ហើម ។ កាលពី៤ខែកន្លងមកក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផាបានជួបប្រទះនឹងជំងឺចម្លែកដែលបានសម្លាប់កុមារយ៉ាងឆាប់រហ័សបំផុតគួរឱ្យកត់សំគាល់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមរវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី៨ កក្កដា ស្តីពីបច្ចុប្បន្នកម្មនៃការអង្កេតស្រាវជ្រាវ ជំងឺមិនដឹងមូលហេតុនេះ ជាលទ្ធផលនៃការអង្កេតស្រាវជ្រាវដែលកំពុងបន្តកន្លងមក ក្រសួងសុខាភិបាលបានបញ្ចប់ការពិនិត្យឡើងវិញលើករណីសង្ស័យដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យទាំងអស់ ។ ការពិនិត្យឡើងវិញនេះ បានរាប់បញ្ចូល២ករណីថែមទៀត គិតចាប់តាំងពីខែមេសា ដល់ថ្ងៃទី៥ កក្កដា ដែលធ្វើឱ្យចំនួនកុមាររងគ្រោះដោយជំងឺនេះឡើងដល់៥៩នាក់ ដែលក្នុងនោះ៥២នាក់បានស្លាប់ ។ កុមារទាំងនោះមានអាយុចាប់ពី៣ខែដល់១១ឆ្នាំ ដែលភាគច្រើនមានអាយុតិចជាង៣ឆ្នាំ ។ កុមារភាគច្រើនមិនត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ទេ ព្រោះពួកគេបានស្លាប់មុនពេលសំណាកត្រូវបានប្រមូល ។
សេចក្តីប្រកាសបន្តថា យោងតាមលទ្ធផលមន្ទីរពិសោធន៍ចុងក្រោយបំផុត មួយភាគធំនៃសំណាកដែលបានធ្វើតេស្តមានលទ្ធផលវិជ្ជមានវីរុស Enterovirus 71(EV-71) ដែលបង្កជំងឺពងបែកនៅលើដៃជើង និងក្នុងមាត់ (HFMD) ។ វីរុស EV-71 ត្រូវបានគេដឹងថា អាចបង្កផលវិបាកធ្ងន់ធ្ងរដល់អ្នកជំងឺមួយចំនួន ។
ចំពោះជំងឺពងបែកដៃជើង និងក្នុងមាត់ កើតឡើងញឹកញាប់ចំពោះទារក និងកុមារតូចៗ ហើយរោគសញ្ញាដែលយើងជួបប្រទះញឹកញាប់រួមមាន ក្តៅ ខ្លួន ឈឺក្នុងមាត់ ពងកន្ទួល និងពងបែកលើដៃនិងគូទ ។ ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាញឹកញាប់បង្កឡើងដោយកុកសាគី វីរុស A16 ដែលបង្កឱ្យមានជំងឺស្រាលដោយពុំចាំបាច់ទទួលការព្យាបាលដោយបុគ្គលិកសុខាភិបាល និងមួយចំនួនប៉ុណ្ណោះដែលមានផលវិបាកធ្ងន់ធ្ងរ ។ ក៏ប៉ុន្តែជំងឺពងបែកដៃជើង និងក្នុងមាត់ក៏អាចបង្កផងដែរដោយសារ Enterovirus ដែលក្នុងនោះមាន Enterovirus71 (EV-71) ដែលអាចបង្កឱ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចបង្កឱ្យស្លាប់ ។ ជំងឺពងបែកដៃជើង និងក្នុងមាត់ជាទូទៅកើតក្នុងចំណោមកុមារដែលមានអាយុតិចជាង១០ឆ្នាំ តែភាគច្រើនគឺកើតក្នុងចំណោមកុមារដែលមានអាយុតិចជាង៥ឆ្នាំ ហើយកុមារដែលមានអាយុតិចងាយមានរោគសញ្ញាធ្ងន់ធ្ងរ ។ រយៈពេលចាប់ផ្តើមពីឆ្លងរោគដល់ចេញរោគសញ្ញាជាទូទៅ៣ទៅ៧ថ្ងៃ ហើយរោគសញ្ញាញឹកញាប់នៃជំងឺនេះ គឺក្តៅខ្លួនដែលមានរយៈពេលពី២៤ទៅ៤៨ម៉ោង ។
ស្នាមកន្ទួលរមាស់ភាគច្រើនមាននៅលើបាតដៃ គូទ និងអវយវៈភេទ ។ អ្នកជំងឺពងបែកដៃជើង និងក្នុងមាត់ អាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬមានតែស្នាមកន្ទួលឬពងបែកមាត់ ។
ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយការប៉ះពាល់ផ្ទាល់ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមកនៃអ្នកជំងឺ ។ អ្នកជំងឺអាចចម្លងអ្នកដទៃបានខ្លាំងបំផុតក្នុងអំឡុងសប្តាហ៍ទីមួយនៃជំងឺ តែគាត់អាចចម្លងជំងឺបានរហូតដល់ច្រើនសប្តាហ៍ក្រោយទៀត ។ ជំងឺពងបែកដៃជើង និងក្នុងមាត់មិនអាចចម្លងពីសត្វចិញ្ចឹម ឬសត្វដទៃទៀតឡើយ ។ បើមានបញ្ហាខាងលើសូមទាក់ទងទូរស័ព្ទទាន់ហេតុការណ៍១១៥(ឥតគិតថ្លៃ) ឬ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
No comments:
Post a Comment